(កណ្ដាល)៖ លោក អាន សំអន តំណាងកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ បានចេញមុខបំភ្លឺ និងសុំទោសជាសាធារណៈជនជុំវិញករណីប៉ះទង្គិចគ្នារវាងសាឡាងដឹកអ្នកដំណើរ និងសាឡង់ដឹកខ្សាច់ កាលពីវេលាម៉ោងប្រមាណ ១៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងសេចក្ដីបំភ្លឺដែលទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សំអន បានបញ្ជាក់ថា មូលហេតុនៃឧប្បត្តិហេតុនេះ គឺបណ្ដាលមកពីទឹកហូរខ្លាំងនារដូវវស្សា បណ្ដាលឲ្យមានគល់ឈើអណ្ដែត ហូរចូលកៀបជាប់នឹងស្លាបចង្កូតសាឡាងដឹកអ្នកដំណើរ។ ហេតុការណ៍នេះបានធ្វើឲ្យពិបាកក្នុងការបញ្ជាសាឡាងថយក្រោយ ខណៈដែលសាឡង់ដឹកខ្សាច់ និងសាឡាងដឹកអ្នកដំណើរនៅកៀកគ្នា ទើបបណ្ដាលឲ្យមានការកៀរគ្នានៅកន្ទុយក្រោយសាឡង់បូមខ្សាច់។ លោកបានបន្តថា ភ្លាមៗក្រោយកើតហេតុ ក្រុមការងារបានចុះពិនិត្យលើសុវត្ថិភាពអ្នកដំណើរទាំងអស់ ហើយជាសំណាងល្អ ភ្ញៀវទាំងអស់ពុំមានប៉ះពាល់ គ្រោះថ្នាក់ ឬរបួសស្នាមនោះឡើយ ទោះបីជាមានការភិតភ័យយ៉ាងខ្លាំង ក៏ដោយ។ ដើម្បីទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតមានឡើងវិញ លោកបានប្រជុំភ្លាមៗដើម្បីពិនិត្យកែលម្អបច្ចេកទេស និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ ភាគីទាំងពីរបានធ្វើការដោះស្រាយគ្នាប្រកបដោយការយោគយល់ និងទទួលខុសត្រូវ។ ការប្ដេជ្ញាចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់តំណាងកំពង់ចម្លងជ្រោយចង្វារ-ស្វាយជ្រំ ក្នុងការធានាសុវត្ថិភាព និងទំនុកចិត្តជូនសាធារណជនដែលប្រើប្រាស់សេវាចម្លងនេះ៕ Post navigation ដីបឹងទំហំជាង៦ហិកតា នៅស្រុកកៀនស្វាយ ត្រូវបានកាត់ឆ្វៀលឱ្យក្លាយជាកម្មសិទ្ធិឯកជន!